Breaking News

កូឡុំប៊ី និងអេក្វាទ័រ មានជម្លោះជុំវិញបញ្ហាពាណិជ្ជកម្ម និងការងារបង្រ្កាបគ្រឿងញៀន ឈានដល់ការចាត់វិធានការទៅវិញទៅមក

 (បូហ្កោតា)៖ កូឡុំប៊ី នឹងផ្អាកការលក់អគ្គិសនីទៅឱ្យអេក្វាទ័រ ហើយដាក់ពន្ធ ៣០ភាគរយលើផលិតផលចំនួន ២០មុខ ខណៈប្រទេសជិតខាងទាំងពីរមានជម្លោះនឹងគ្នា ពាក់ព័ន្ធពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦។

ចំណាត់ការនេះត្រូវបានដាក់ចេញ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa និយាយថា រដ្ឋាភិបាលរបស់លោក នឹងគិតថ្លៃសន្តិសុខ ចំនួន ៣០ភាគរយលើទំនិញមកពីកូឡុំប៊ី ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្ម និងកង្វះខាតកិច្ចសហការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ ម្តងហើយម្តងទៀត កូឡុំប៊ី បដិសេធការចោទប្រកាន់ ដែលថាខ្លួនធ្វើការមិនបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហារត់ពន្ធគ្រឿងញៀន។

ឆ្លើយតបនឹងការប្រកាសដាក់ពន្ធ រដ្ឋមន្ត្រីថាមពលអេក្វាទ័រនិយាយថា ប្រេងឆៅកូឡុំប៊ី ដែលបញ្ជូនតាមបំពង់បង្ហូរប្រេង OCP ដែលជាបំពង់បង្ហូរប្រេងធំជាងគេទីពីររបស់អេក្វាទ័រ នឹងត្រូវបានប្រើប្រាស់វិធានការតបត ចំពោះការផ្អាកលក់អគ្គិសនីមកឱ្យអេក្វាទ័រ។

គួរបញ្ជាក់ថា បើតាមអេក្វាទ័រ ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយកូឡុំប៊ី មានចំនួន ៨៣៨លានដុល្លារក្នុងរយៈពេល ១០ខែនៃឆ្នាំមុន។ យោងតាមកូឡុំប៊ី ទំនិញគិតជាទឹកប្រាក់ ១.៦៧ពាន់លានដុល្លារ ត្រូវបាននាំចេញទៅអេក្វាទ័រ ក្នុងរយៈពេល ១១ខែនៃឆ្នាំមុន៕






No comments